ភ្នំពេញ
៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ
បានសម្ដែងនូវសេចក្ដីសង្ឃឹមដូចគ្នាថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា
និងថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ជាពិសេសការពង្រឹងការអនុវត្តច្បាប់
ផ្លាស់ប្ដូរការងារពិភាក្សាពិគ្រោះយោបល់ ដើម្បីបុព្វហេតុលើបញ្ហាសន្តិសុខតាមព្រំដែន
និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។ សាររួមគ្នាជាវិជ្ជមាននេះ
បានបង្ហាញនាព្រឹកថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នាឱកាសដែល ឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្ដម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា
ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ឯកឧត្ដមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស
ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ
ដែលកើតមានឡើងនៅតាមព្រំដែន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កត់សម្គាល់ថា វត្តមានរបស់
ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាបេសកកម្មដ៏មានសារសំខាន់រួមចំណែក
ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ
និងសន្តិសុខ។ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដមឯកអគ្គរាជទូត
ដែលតែងតែយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួរនាទីយ៉ាងសកម្ម
នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្ដម។ឯកឧត្ដមឯកអគ្គរាជទូតវិសាមញ្ញ
និងពេញសមត្ថភាពថៃ បានថ្លែងកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។
ក្នុងឱកាសប្រកបដោយភាតរភាពនេះដែរ ឯកឧត្ដមឯកអគ្គរាជទូត បានថ្លែងអំណរគុណ
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតជូនឯកឧត្ដម និងប្រតិភូ
បានចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងអបអរសាទរ ឯកឧត្ដមអភិសន្តិបណ្ឌិត
ក្នុងឱកាស ដែលឯកឧត្ដម ត្រូវបានប្រជាពលរដ្ឋគាំទ្រ ថ្នាក់ដឹកនាំ
និងរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តក្លាយជាឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
0 Reviews:
Post a Comment