Tuesday, November 23, 2021

កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ជាវេទិកាដ៏មានឥទ្ធិពលមួយ ដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេង នៃតំបន់អាស៊ីនិងអឺរ៉ុប

អ្នកទស្សនា: Views

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ជាវេទិកាដ៏មានឥទ្ធិពលមួយ ដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់អាស៊ីនិងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិនានាដែលបាន និងកំពុងកើតឡើង ជាពិសេសរួមគ្នាដោះស្រាយបញ្ហានានាក្នុងបរិបទក្រោយការរីករាលដាលជំងឺកូវីដ-១៩ ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមមានឱកាសបានចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ ក្រោមមូលបទ "ការអភិវឌ្ឍន៍ពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩" ដែលជាវេទិកាអម នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តមបន្តថា កិច្ចប្រជុំ ដែលចាប់ផ្តើមនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំលើសាមគ្គីភាព របស់យុវជនក្នុងតំបន់ និងបណ្តាយុវជនលើសកលលោក ហើយក៏ជាវេទិកាដ៏មានឥទ្ធិពលមួយដើម្បីផ្សារភ្ជាប់អ្នកដឹកនាំវ័យក្មេងនៃតំបន់ អាស៊ីនិងអឺរ៉ុប ដើម្បីបន្តរួមគ្នាដោះស្រាយវិបត្តិនានាដែលបាននិងកំពុងកើតឡើង ជាពិសេស រួមគ្នាដោះស្រាយបញ្ហានានា ក្នុងបរិបទ ក្រោយការរីករាលដាលជំងឺកូវីដ-១៩ ។

ឯកឧត្តមបានបន្តទៀតថា អ្នកដឹកនាំយុវជនវ័យក្មេងទាំងអស់ នឹងយកពុទ្ធិចំណេះដឹង បទពិសោធន៍ ដែលបានសិក្សារៀនសូត្រពីគ្នា ទៅវិញទៅមក ចេញពីកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ រួមជាមួយអនុស្សាវីយ៍ល្អៗនៃកម្មវិធីចម្រុះ កាលពី១០ខែមុន ដើម្បីបម្រើផលប្រយោជន៍ជាតិរៀងៗខ្លួនប្រកបដោយក្តីមោទនៈ ហើយបន្តរឹតចំណងសាមគ្គីភាព រវាងជាតិនិងប្រជាជន នៃតំបន់ទាំងពីរឱ្យបានកាន់តែស្អិតល្មួតបន្ថែមទៀត ។

ឆ្លៀតឱកាសនេះ សូមអបអរសាទរកម្ពុជា ជាពិសេសក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងភាពជាម្ចាស់ផ្ទះ រួមជាមួយការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធនានា ក្នុងការដឹកនាំកម្មវិធីអន្តរជាតិមួយនេះបានដោយរលូននិងទទួលបានជោគជ័យ គួរជាទីមោទនៈបំផុត ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ក្រោមមូលបទ «ការអភិវឌ្ឍន៍ពិភពលោក ប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ចំនួន៤ រួមមាន ៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) និង SDG13 សកម្មភាពបរិស្ថាន(Climate Action) ដោយចែកចេញជា ៤ដំណាក់កាលរួមមាន៖ ដំណាក់កាលទី១ ៖ការជ្រើសរើស និងបណ្ដុះបណ្ដាល យុវជនបង្គោល(Navigators Selecting and Trainings) ASEFបានជ្រើសរើសយុវជនបង្គោល(Navigators)ចំនួន១៥ រូបក្នុងនោះមាន យុវជនកម្ពុជាចំនួន៤រូបផងដែរ ឱ្យទទួលបានការបណ្ដុះបណ្ដាលតាមប្រព័ន្ធវីដេអូ ដោយផ្ដោតលើមូលបទនៃASEFYLS4 ព្រមទាំង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ០៤ខាងលើ ដើម្បីត្រៀមខ្លួនចូលរួមឱ្យបានយ៉ាងសកម្មក្នុងកម្មវីធីនានានៃកិច្ចប្រជុំ ASEFYLS4។ ដំណាក់កាលទី២៖ ការកសាងចំណេះដឹង (Knowledge Building)យុវជនចំនួនប្រមាណ ១៨០រូប ក្នុងនោះយុវជនកម្ពុជា មានចំនួន ២៦រូប ត្រូវបានជ្រើសរើសមកពីប្រណ្ដាប្រទេសអាស៊ី-អឺរ៉ុបចំនួន ៥១ប្រទេស និងបានទទួលបានការបណ្ដុះបណ្ដាល ដើម្បីកសាងចំណេះដឹងលើប្រធានបទជាច្រើន។ដំណាក់កាលទី៣៖ ការអនុវត្ដន៍សកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action)គម្រោងចំនួន១៥ នៃការអនុវត្ដន៍សកម្មភាពនៃភាពជាអ្នកដឹកនាំ Leadership in Action ដែលបង្កើតឡើងដោយយុវជន ដែលចូលរួម ASEFYLS4 សម្រាប់អនុវត្ដនៅក្នុងសហគមន៍តាមបណ្តាប្រទេសអាស៊ី-អឺរ៉ុបក្នុងឆ្នាំ២០២១ នេះ។ ដំណាក់កាលទី៤៖ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) នឹងប្រព្រឹត្តិទៅស្របពេលជាមួយគ្នានៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ ដោយផ្តោតសំខាន់លើសេចក្តីថ្លែងការណ៍របស់យុវជន ក៏ដូចជាវេទិកាជំនួបពិភាក្សារវាងយុវជន និងប្រមុខរដ្ឋ/ រដ្ឋាភិបាល ការធ្វើបទបង្ហាញរបស់យុវជនលើប្រធានបទនានា និងរបាយការណ៍របស់យុវជនពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ ៕


0 Reviews:

Post a Comment