ក្រចេះ÷ នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមមកពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តចំនួន៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ប្រមាណជាង ១៥០នាក់ មានរយៈពេល៣ថ្ងៃ នៅសាលមហោស្រពខេត្តក្រចេះ ។
ក្នុងនោះ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ មានប្រសាសន៍ថា៖ សម្រាប់ខេត្តក្រចេះ គ្រូបង្រៀនបានផ្ទេរសរុបចំនួន១.៩៧៣នាក់ ស្រី ១.២៥២នាក់ រដ្ឋបាលក្រុង ស្រុកទាំង៧ក្នុងខេត្ត បានចេញដីកាទទួលបុគ្គលិកអប់រំដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុកបានរួចរាល់ជាស្ថាពរ និងទាន់ពេលវេលា ស្របតាមប្រកាសលេខ១០៦៥ អយក.ប្រក ស្ដីពីការផ្ទេរបុគ្គលិកអប់រំដែលបម្រើការងារនៅគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ហើយបានធ្វើពិធីប្រកាសរួចរាល់នៅតាមបណ្ដាក្រុង ស្រុក។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងផ្ដល់ការណែនាំ តម្រង់ទិសដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈអនុក្រឹត្យលេខ១៨២ លេខ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ លេខ២១៣ អនក្រ.បក ស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនគុណភាពនៃសេវាអប់រំជូនដល់ប្រជាជនគ្រប់រូប។
ឯកឧត្តម បន្តថា ការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសនេះ ផ្តោតលើ "ការប្រគល់មុខងារគ្រប់គ្រង" ចំនួន៣ រួមមាន ៖ ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និង "ការធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាល” ចំនួន៣ ដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការងារអប់រំកាយ និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ទោះបីជាការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡានៅតែជាស្ថាប័នដែលត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាលើវិស័យអប់រំ យុវជន និងកីឡា ៕ រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មាន RDN MEDIA NEWS ទំនាក់ទំនងការផ្សាយ Telegram.WhatsApp.011 83 47 47.097 444 88 97
0 Reviews:
Post a Comment