Monday, January 8, 2024

បុស្បុកតម្កល់រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅពីកុមារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា .................

អ្នកទស្សនា: Views



ក្រចេះ÷ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅស្ពានពាមទេរ ឋិតភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានព្រុំប្រទល់ជាប់

និងសង្គាត់រកាកណ្តាល ក្រុងក្រចេះ ដោយមានការនិមន្តចូលរួមពីព្រះមេគណខេត្តក្រចេះទាំងពីរគណៈ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត លោកតា លោកយាយ អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ២,១៤០ អង្គ/នាក់។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ការសាងសង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ កាលពីកុមារភាព បុស្បុករូបសំណាកនេះ គឺជាបង្ហាញការនឹករលឹក បដិបត្តិ និងចងចាំអំពីប្រវត្តិតស៊ូរបស់ សម្ដេចតេជោ ជាកូនកសិករម្នាក់នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានពុះពារខិតខំប្រឹងប្រែងរៀនសូត្រ និងបន្តការសិក្សានៅវត្តនាគវ័ន្តរាជធានីភ្នំពេញ ដោយស្នាក់អាស្រ័យ និងទទួលការមើលថែផ្គត់ផ្គង់ពីព្រះគ្រូធម្មាចារ្យ គឹម ច្រែង។ រូបសំណាក ព្រះគ្រូធម្មាចារ្យ និងសម្ដេចតេជោកាលនៅពីកុមារ ត្រូវបានសាងសង់ឡើងដើម្បីទុកជាការរម្លឹក និងចងចាំអំពីប្រវត្តិរបស់សម្ដេចតេជោ កាលនៅពីកុមារ ដែលធ្លាប់រស់នៅជាមួយ ព្រះគ្រូធម្មាចារ្យ។ ដោយបុស្សុកពីមុនមានសភាពតូចនិងចាស់ទ្រុឌទ្រោមផងដែរនោះ ទើបសម្ដេចតេជោ បានណែនាំឱ្យរដ្ឋបាលខេត្តក្រចេះសាងសង់ឡើងជាថ្មីទៅតាមបែបបទរចនាខ្មែរយ៉ាងប្រណិត ដែលធ្វើឡើងពីបេតុងមានកម្ពស់២៤,៣ម៉ែត្រ ចំណែកឯរូបព្រះគ្រូធម្មាចារ្យ គឹម ច្រែង មានកម្ពស់២,៧ម៉ែត្រ និងសម្តេចតេជោ កាលពីកុមារមានកម្ពស់១,៦៨ម៉ែត្រ សាងសង់ពីស្ពាន់សុទ្ធ។

ក្នុងភាពជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី បាននាំប្រសាសន៍ ផ្តាំផ្ញើការសួរសុខទុក្ខ ដល់លោកតា លោកយាយ អ៊ំ ពូ មីង ប្អូនៗយុវជន ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ សមិទ្ធផលដែលយើងកំពុងសម្ពោធនាពេលនេះ និងសមិទ្ធផលដទៃទៀត មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបានដោយលំបាក ក្រោមការថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។ លើមូលដ្ឋានគ្រឹះនៃសន្តិភាពនេះ និងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើន ដើម្បីប្រជាពលរដ្ឋគ្រប់រូបគ្រប់ជំនាន់ នឹងអាចបន្តទទួលបានប្រយោជន៍ពីសុខសន្តិភាព និងសមិទ្ធផលនៃការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់ទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី បានប្តេជ្ញាបង្កើនសមិទ្ធផលនានាបន្ថែមទៀត ជូនសង្គមជាតិ និងប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ដែលសមិទ្ធផលទាំងនោះនឹងចូលរួមលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប មិនថាជាមន្រ្តីរាជការ ឬជាប្រជាកសិករនោះទេ។ ប្តេជ្ញាចិត្តជំរុញ ជាអាទិភាពនូវគោលនយោបាយជាច្រើន ដែលនឹងសម្រេចជាប្រយោជន៍ រួមមាន៖ 

១.ការពង្រីក និងពង្រឹងគុណភាពសេវាថែទាំសុខភាព ជូន ដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន 

២.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស 

៣.ការពង្រឹងគុណភាព សាលារដ្ឋ ពីមតេ្តយ្យសិក្សារហូតដល់វិទ្យាល័យ 

៤.ការផ្តល់ឱកាសដោយស្មើភាព ដល់យុវជនមានសមត្ថភាពឱ្យក្លាយជាមន្រ្តីរាជការ តាមរយៈការប្រឡងដោយត្រឹមត្រូវ និងយុត្តិធម៌ និងទី៥.គោលនយោបាយ និងសកម្មភាពជាច្រើនទៀត ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ ទៅប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន៕ រាយការណ៍ដោយលោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មាន RDN ASIA 


























0 Reviews:

Post a Comment