MC៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពមនុស្សចាស់ពេលរដូវរងាមកដល់នាពេលខាងមុខ ដើម្បីចៀសវាងនូវការឆ្លងឬឈឺថ្កាត់ជំងឺនានា ខណៈ ដែលពេលរដូវរងារមនុស្សចាស់មានបញ្ហាប្រឈមក្នុងជីវភាព រស់នៅច្រើន ជាងមនុស្សវ័យធម្មតា។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូច ឆ្មារនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៏ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវមានកិច្ចអន្តរាគមន៍យកចិត្តទុកដាក់ នៅតាមទីកន្លែងនានាអំពី បញ្ហាសុវត្ថិភាព ជាពិសេស សំដៅឆ្ពោះទៅរកមនុស្សចាស់ ដែលភាគច្រើនចាញ់រងា ដែលត្រូវផ្ដល់ជូនពួកគាត់ដូចជា មុង ភួយ និងអាវរងា ដែលអាចផ្ដល់ឱ្យពួកគាត់ នូវភាពកក់ក្ដៅមួយ ដើម្បីចៀសវាងឱ្យខាងតែបាន នូវការរងារហូតទៅដល់គ្រោះថ្នាក់ដល់អាយុជីវិត ឬការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ នេះតែម្ដង។សម្តេច តេជោបានបន្តថា រដូវរងាតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសគឺជំងឺផ្ដាសាយ ហើយផ្ដាសាយនេះ នៅក្នុងពេលដែលមានកើតជំងឺកូវីដនេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដពិតប្រាកដ។ «ខ្ញុំសុំយកឱកាសនេះ ផ្តាំផ្ញើទៅបណ្តាខេត្តទាំងអស់ ការយកចិត្តទុកដាក់សុខភាពមនុស្សចាស់ចាប់ពីសប្តាហ៍ទី១ នៃខែធ្នូ រហូតទៅដល់ ខែកុម្ភៈ សីតុណ្ណភាពធ្លាក់ចុះយ៉ាងខ្លាំង កន្លែងខ្លះធ្លាក់ចុះ១៥អង្សាសម្រាប់មនុស្សចាស់ត្រូវយកចិត្តទុកដាក់ ។ កូនចៅដែលមានជីដូនជីតាឪពុកម្តាយចាស់ ត្រូវយកចិត្តទុកដាក់ថែទាំឱ្យពួកគាត់ អាវរងា ភួយ មុង អាជ្ញាធរ ត្រូវពិនិត្យ ធ្វើអន្តរាគមន៍ សម្រាប់មនុស្សចាស់អត់មានទីពឹង មានប៉ុន្មាន ខិតខំដោះស្រាយអាវរងា ភួយ មុង ឱ្យគាត់ ខ្ញុំប្រគល់ភារកិច្ច ឱ្យអស់លោក គ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេស ត្រូវពិនិត្យភ្លាម ធ្វើអន្តាគមន៍ភ្លាម ព្រោះមនុស្សចាញ់រងា ត្រូវយកចិត្តទុកដាក់បំផុត នៅពេលរដូវរងាមកដល់ »។ សូមបញ្ជាក់ថា ក្រសួងធនធានទឹក និង ឧតុនិយម បានព្យាករណ៍ថា ធាតុអាកាសនៅតំបន់ជួរភ្នំដងរែក និងខ្ពស់រាបភាគ ឦសាន នៃ ប្រទេស កម្ពុជា នឹង ចុះត្រជាក់លើកទី១ ចាប់ពីសប្តាហ៍ទី១ ដល់សប្តាហ៍ទី៣ ខែ ធ្នូ ឆ្នាំ២០២១ ពី ១៧ ដល់ ១៩ អង្សា ខណៈបណ្តាខេត្ត- រាជធានីផ្សេងៗទៀត ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ចាប់សប្តាហ៍ទី៤ ខែ ធ្នូ ដល់ខែ កុម្ភៈ ឆ្នាំ២០២២៕
វិទ្យុជាតិកម្ពុជា៖ កញ្ញា អ៊ី កនិកា ២៣.១១.២០២១
0 Reviews:
Post a Comment