Monday, December 27, 2021

ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ អញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង

អ្នកទស្សនា: Views

 


ព្រៃវែង : ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តព្រៃវែង ព្រមទាំង ឯកឧត្តម នួន សុធិមន្ត ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យ ព្រះអង្គឌួង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង ប្រកបដោយដំណើរការយ៉ាងរលូន និងអាកាសធាតុអំណោយផលយ៉ាងល្អប្រសើរ។


យោងតាមរបាយការរបស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ៖ ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំសិក្សា ២០២០-២០២១ឆ្នាំនេះ ខេត្តព្រៃវែង មានមណ្ឌលប្រឡងចំនួន ១៣មណ្ឌល ស្មើនឹង ២៨៧បន្ទប់ មានសិស្សសរុប ៧,១១៦នាក់ ស្រី ៣,៨៧៩នាក់ ក្នុងនោះ ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រមាន ៣មណ្ឌល ស្មើនឹង ៧៤បន្ទប់ មានសិស្សសរុប ១,៨៣៣នាក់ ស្រី ១,១៦២នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គមមាន ១០មណ្ឌល ស្មើនឹង ២១៣បន្ទប់ មានសិស្សសរុប ៥,២៥៣នាក់ ស្រី ២,៧១៧នាក់។


ក្នុងឱកាសនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានធ្វើការផ្តាំផ្ញើ ដល់គណៈមេប្រយោគ និងអនុរក្ស តាមបន្ទប់ប្រឡងនីមួយៗត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាននូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រឡង ដើម្បីធានាឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយ តម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង គុណភាពវិស័យអប់រំ និងវិធានការសុវត្ថិភាពសុខភាពក្នុងបរិបទជំងឺកូវីដ-១៩ផងដែរ។ 


សារជាថ្មីម្តងទៀត ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា និងក្លាយជាសសរទ្រូង ដើម្បីលើកស្ទួយកិត្តិយសជូនសាលារៀន សង្គម និងគ្រួសារផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង









0 Reviews:

Post a Comment