ខេត្តស្វាយរៀង៖ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការ នៅចំកណ្តាលក្រុងបាវិតហាក់បីដូចជាគ្មានគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនមាន់ជល់ និងអាប៉ោង ខាងលើនេះមានម្ចាស់ឈ្មោះ ពូម៉ាប់ ដែលគេដឹងថាជាមនុស្សមានអំណាចឥទ្ធិពលខ្លាំង បើកលេងពីកន្លែងមួយទៅកន្លែងមួយ។
ប្រភពព័ត៌មានបានបន្ថែមទៀតថា៖ ទីតាំងសង្វៀនជល់មាន់ មួយនេះ មានកម្លាំងការពារ ដោយប្រើប្រាស់សន្តិសុខយាមច្រកចេញចូលមិនឲ្យសារព័តមានឬណាម្នាក់ចូលផ្តិតយករូបភាពបានទេ។
ចំណែកឯលោក លឹម សៀងហេង អភិបាលក្រុងបាវិត ហើយនិងលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ហាក់ដូចជាមិនខ្វល់ពីបញ្ហាអសន្តិសុខ ដែលកំពុងតែកើតឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួនសោះឡើយ ។
ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែងនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់ប្រាក់រាប់រយពាន់ដុល្លារ ព្រោះថាល្បែងស៊ីសងនេះគឺជាដើមចមនៃការបង្កបង្កើតបទល្មើសជាច្រើនដូចជា លួច ឆក់ ប្លន់ ហិង្សាជាដើម។
ជុំវិញការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋខាងលើនេះអង្គភាពយើងមិនអាចធ្វើការទំនាក់ទំនង ជាមួយអាជ្ញាធរស្រុកនិងសមត្ថ កិច្ចក្នុងមូលដ្ឋាន បាននោះទេដោយសារតែមិនមានលេខទូរស័ព្ទ។
ពលរដ្ឋជាច្រើនសូមអំពាវនាវដល់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ហើយនិងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
0 Reviews:
Post a Comment