Saturday, December 25, 2021

ពេលនេះរឿងក្ដីអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវតុលាការកំពូល សម្រេចតម្កល់ទោសលោកជាប់ពន្ធនាគារ ១៣ឆ្នាំ និងលោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ ១០ឆ្នាំ ពាក់ព័ន្ធការសម្លា.ប់ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា នៅខេត្តតាកែវ

អ្នកទស្សនា: Views

(ភ្នំពេញ ) ៖ នៅថ្ងៃទី២៤ ខែធ្នូ  ឆ្នាំ២០២១នេះ តុលាកំពូលបានប្រកាសសាលដីកាកំបាំងមុខ និងសម្រេចតម្កល់ទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ពី ១០ទៅ ១៣ឆ្នាំដដែល និងប្រកាសបិទផ្លូវតវ៉ា ជាប់ពាក់ព័ន្ធការសង្ស័យថា បានព្រួតគ្នា សម្លាប់ស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់ ឡាយ វណ្ណៈ ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។


លោក និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ទណ្ឌិតឈ្មោះ ឡាយ វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៣ឆ្នាំ និងទណ្ឌិតឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ ៤៦ឆ្នាំ ត្រូវជាប់ពន្ធនាគារ១០ឆ្នាំ ពីបទ«ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។


ចំណែកឯទណ្ឌិតឈ្មោះ ជឹម វុធ ភេទប្រុស អាយុ ៤១ឆ្នាំ និងទណ្ឌិតឈ្មោះ ម៉ែន សាម៉ៃ ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវដាក់ពន្ធនាគារកំណត់ម្នាក់ៗ២ ឆ្នាំ ពីបទ«លាក់កំបាំងតម្រុយ» តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។ តែពួកគាត់ទាំង៤នាក់ បានប្តឹងឧទ្ទរណ៍ និងបន្តប្តឹងសារទុក មកកាន់តុលាការកំពូល។


ទាក់ទងនឹងសាលដីកា របស់តុលាការកំពូលខាងលើនេះ លោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ព្រមទាំងមេធាវីការក្តីមិនអាចទាក់ទង ដើម្បីព័ត៌មានបានឡើយ នៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ៕





0 Reviews:

Post a Comment